BREAKING: ប្រធានាធិបតី ដូណាល់ ត្រាំ គំរាមដំឡើងពន្ធគយលើថៃនិងកម្ពុជា ប្រសិនបើមិនព្រមត្រឡប់ទៅរកបទឈប់បាញ់
(ញូវយ៉ក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធគយសាជាថ្មីលើថៃ និងកម្ពុជា ប្រសិនបើប្រទេសទាំង២ មិនព្រមបញ្ឈប់សង្រ្គាមទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Wall Street Journal នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ និងបន្តចេញផ្សាយដោយសាររព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥។
សេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើបទសម្ភាសន៍ពិសេសរបស់លោក ដូណាល់ ត្រាំ ជាមួយកាសែតអាមេរិក Wall Street Journal កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំទើបតែបានគំរាមដំឡើងពន្ធគយកាលពីជាង ១០នាទីមុន...ដើម្បីដោះស្រាយជម្លោះដែលផ្ទុះឡើងជាថ្មីរវាងកម្ពុជា និងថៃ»។ លោក ត្រាំ បានបន្ថែមទៀតថា លោកបានប្រាប់មេដឹកនាំនៃប្រទេសទាំង២ថា «ប្រសិនបើពួកអ្នកធ្វើសង្រ្គាមនឹងគ្នា នោះខ្ញុំមិនត្រឹមតែបញ្ឈប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលយើងមានប៉ុណ្ណោះទេ ហើយខ្ញុំនឹងដំឡើង ពន្ធគយលើប្រទេសរបស់ពួកអ្នកថែមទៀត។ គ្មាននរណាផ្សេងអាចធ្វើបានដូចខ្ញុំទេ»។
អ្នកនាំពាក្យសេតវិមានម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងគោរពអនុវត្តតាមការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះបទឈប់បាញ់ ជាមួយការព្រមានថាលោកនឹងរកមុខអ្នកទទួលខុសត្រូវ ប្រសិនបើចាំបាច់ដើម្បីបញ្ឈប់ការកាប់សម្លាប់គ្នា និងធានាឱ្យបាននូវសន្តិភាពយូរអង្វែង។
សូមជំរាបថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានប្រកាសថា រូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ហើយបានអះអាងថាមេដឹកនាំទាំង២ បានយល់ព្រមបញ្ឈប់ការប្រយុទ្ធគ្នា។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម កាលពីថ្ងៃសៅរ៍ ក៏បានជំរុញឱ្យកម្ពុជា និងថៃ ទទួលយកបទឈប់បាញ់មួយនៅម៉ោង ១០យប់ កាលពីថ្ងៃសៅរ៍ផងដែរ។
សម្ដេចធិបតីបានបង្ហាញការស្វាគមន៍ការអំពាវនាវរបស់លោក អាន់វ៉ា ក៏ប៉ុន្តែលោក អានុទីន នៅតែបន្តឈ្លានពានកម្ពុជា ដោយមិនខ្វល់ឡើយចំពោះការអំពាវនាវឱ្យត្រឡប់ទៅរក បទឈប់បាញ់បញ្ចប់ជម្លោះជាមួយកម្ពុជា៕

