កូរ៉េខាងត្បូង ៖ សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ បានប្រមូលផ្តុំគ្នារៀបចំធ្វើបាតុកម្មសម្តែងមតិ នៅទីតាំងចំនួន ២ ផ្សេងគ្នា ដើម្បីថ្កោលទោសការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃពីសំណាក់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ។
សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េបានឱ្យដឹថា ទីតាំងសម្តែងមតិថ្កោលទោសទាំង ២កន្លែងនោះ ទី ១ នៅទីក្រុងសេអ៊ូល ដែលមានអ្នកចូលរួមចំនួនប្រមាណជាង ៣០០នាក់ បានចាប់ផ្តើមនៅម៉ោង ១១ព្រឹក នៅស្ថានីយ៍រថភ្លើង Noksapyeong និងបានធ្វើការដង្ហែក្បួនចំងាយ ៧០០ម៉ែត្រ និងឈប់នៅចំងាយ ៥០០ម៉ែត្រពីស្ថានទូតថៃ ។ ជាមួយគ្នានោះ ក៏មានតំណាង ៥នាក់បាននាំយកញត្តិទៅដាក់នៅស្ថានទូតថៃផងដែរ ។ ចំណែកទីតាំងទី២ នៅទីក្រុងក្វាងជូធំ ដែលមានអ្នកចូលរួមចំនួនប្រមាណជាង ២ ០០០នាក់ បានចាប់ផ្តើមនៅម៉ោង ១១ព្រឹកដល់ម៉ោង ២ និង ៣០នាទីរសៀល (ម៉ោងនៅកម្ពុជា) ។



សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង រួមគ្នាទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវទង្វើដ៏គឃ្លើនឈ្លានពានទាំងកំរោល និងអំពើយង់ឃ្នងទាំងអស់ ហើយងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមាន ឯកឧត្តម Donald Trump ប្រធានាធិបតីអាម៉េរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី និងគោរពគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េខាងត្បូងចំនួនប្រមាណជិត ៦០០នាក់ ក៏បានប្រមូលផ្តុំគ្នានៅនៅទីក្រុងអាសាន ទីក្រុងក្វាងជូតូច និងនៅទីក្រុងក្វាងជូធំ ដើម្បីសម្តែងមតិថ្កោលទោសថៃដែលបានបើកការវាយប្រហារដ៏កំរោល រំលោភបំពានយ៉ាងសាហាវឃោរឃៅលើដែនអធិបតេយ្យភាពកម្ពុជា ៕



ប្រភព៖ កោះសន្តិភាព